Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

YRDP បើកវគ្គបណ្តុះបណ្តាលពីគេហទំព័រសម្លេងយុវជននៅខេត្តបាត់ដំបង

កម្មវិធីទំនាក់ទំនង និងបោះពុម្ពផ្សាយ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់គេហទំព័រ សម្លេងយុវជននៅទីរួមខេត្តបាត់ដំបង ដោយមានយុវជន និងព្រះសង្ឃ ២៤នាក់អង្គចូលរួម ។ គោល បំណងនៃវគ្គបណ្តុះបណ្តាលនេះគឺពង្រឹងសមត្ថភាពយុវជនក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ ទំនងសង្គមដោយសុវត្ថិភាពនិងមានការទទួលខុសត្រូវដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គមដែលពួកគេកំពុងជួបប្រទះ ។
គេហទំព័រសម្លេងយុវជន (www.yvkhmer.org) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវ ជនក្នុងការលើកឡើង និងជជែកពីបញ្ហាដែលពួកគេបានជួបប្រទះ ព្រមទាំងកំណត់ពីបញ្ហា ដែលត្រូវដោះស្រាយ ជំរុញលើកទឹកចិត្តយុវជនក្នុងការស្វែងរកការគាំទ្រមតិ (តស៊ូមតិ) លើបញ្ហាដែលពួកគេជួបប្រទះដើម្បីបង្កើននូវតម្លាភាព និងគណនេយ្យភាពសង្គម ។ លើសពីនេះ ចង់ឲ្យសាធារណជន ជាពិសេសយុវជនបញ្ចេញនូវទស្សនៈអំពីបញ្ហាទាំងឡាយ ដែលមានសារៈសំខាន់សម្រាប់ពួកគេ និងសង្គមជាតិទាំងមូល និងជាពិសេស ដើម្បីបង្កើនការ យកចិត្តទុកដាក់ដោះស្រាយពីភាគីពាក់ព័ន្ធ មានដូចជា រាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយធ្វើយ៉ាងណា អនុវត្តឲ្យបាននូវគោលនយោបាយដែលផ្តល់ អត្ថប្រយោជន៍ដល់សាធារណជនទូទៅ ។
ការបណ្តុះបណ្តាលរួមមាន របៀបប្រើប្រាស់គេហទំព័រសម្លេងយុវជន ការសរសេរអត្ថបទ ព័ត៌មានដែលទាក់ទាញសម្រាប់តស៊ូមតិ និងការការពារសុវត្ថិភាពនៅលើបណ្តាញសង្គម ។ ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមត្រូវបានផ្តល់ឱកាសអនុវត្តជាក់ស្តែងពីរបៀប ប្រើប្រាស់គេហទំព័រសម្លេងយុវជន រួចធ្វើបទបង្ហាញឲ្យអ្នកផ្សេងទៀតដើម្បីឲ្យប្រាកដថាពួកគេ មានសមត្ថភាពក្នុងការប្រើប្រាស់គេហទំព័រនេះ ។ ពួកគេក៏បានអនុវត្តការសរសេរអត្ថបទតស៊ូ មតិដោយផ្តោតសំខាន់ទៅលើបញ្ហាដែលពួកគេគិតថាគួរតែត្រូវបានដោះស្រាយដោយភាគីពាក់ព័ន្ធ ។ បញ្ហាមួយចំនួនដែលអ្នកចូលរួមបានលើកឡើងមានដូចជា ការខ្វះការយកចិត្តទុកដាក់ របស់យុវជនចំពោះបញ្ហាសង្គម គ្រោះថ្នាក់ចរាចរណ៍ ការប្រឈមការអប់រំកុមារនៅជនបទ អំពើហិង្សាក្នុងគ្រួសារ បញ្ហាបរិស្ថាន ការបំពុលទឹកសមុទ្រ បញ្ហាតម្លៃម្រេចចុះថោកជាដើម ។
ទោះជាយ៉ាងណា អ្នកប្រើប្រាស់គេហទំព័រសម្លេងយុវជន មិនត្រូវបានអនុញ្ញាតិឲ្យប្រើគេហទំ ព័រនេះ ក្នុងគោលបំណងរើសអើងគ្រប់រូបភាព ប្រមូលការគាំទ្រគណបក្សនយោបាយ ឬលើក កំពស់ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទនោឡើយ ៕

 

 

Leave a Reply