Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

វេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានរៀបចំវេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន នៅសណ្ឋាគាញូវយ៉ក រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ៨៦នាក់ ស្រី៤៥។
កិច្ចសន្ទនានេះដែររៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសឲ្យអ្នកចូលរួមដែលកំពុងតែសិក្សានៅឧត្តមសិក្សានានា បានយល់ដឹងអំពីសិទ្ធិក្នុងការទទួលបាននូវកិច្ចគាំពារសង្គម លើកឡើងនូវបញ្ហា និងតម្រូវការចាំបាច់របស់ពួកគេទៅកាន់អ្នកពាក់ព័ន្ធ ជាពិសេសក្រសួងសាម៉ីដែលត្រូវទទួលខុសត្រូវផ្នែកនេះផ្ទាល់តែម្តងតាមរយៈមន្ត្រីជំនាញដែលជាវាគ្មិននៅក្នងកម្មវិធី ដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការពាំនាំនូវតម្រូវការរបស់យុវជនទាំងនេះទៅដល់ថ្នាក់ដឹកនាំ និងទាមទារឱ្យរដ្ឋាភិបាលបំពេញនូវចន្លោះខ្វះខាតនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលពួកគេមិនត្រូវបានរាប់បញ្ចូល ដោយសង្ឃឹមថានឹងទទួលបាននូវដំណោះស្រាយដ៏សមស្របមួយសម្រាប់យុវជន។

កម្មវិធីវិនិយោគយុវជនដើម្បីការងារ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ នៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) ដែលធ្វើការផ្តោតទៅលើកិច្ចគាំពាសង្គម មើលឃើញថា និស្សិតកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សាមានចំនួនជាងពីរសែននាក់ ក្នុងនោះនិស្សិតបរិញ្ញាប័ត្ររងមានចំនួន ២០,៥៧០នាក់ និស្សិតបរិញ្ញាប័ត្រមានចំនួន១៦៥,៣៥៩នាក់ និងនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់មានចំនួន ២១,៤៩៤នាក់​ និស្សិតថ្នាក់បណ្ឌិតមានចំនួន១,២២២នាក់ និស្សិតអាហារូបករណ៍មានចំនួន២៦,១៩២នាក់ នេះបើយោងតាមរបាយការណ៍ក្រសួងអប់រំក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅ។ ចំនួនយុវជនដែលកំពុងសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនទាន់រាប់បញ្ជូលសិស្សដែលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផង។ ពួកគេទាំងនោះនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងពេលដ៏ខ្លីខាងមុខដើម្បីជួយជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន ប៉ុន្តែពួកគេទាំងនោះហាក់បីដូចជាមិនទាន់ទទួលបានការគាំពារគ្រប់ជ្រុងជ្រោយពីរដ្ឋាភិបាលនៅឡើយទេ ដូចជាផ្នែកថែទាំសុខភាព និងនិកម្មភាពការងារជាដើម ជាក់ស្តែងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលទើបនឹងអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មិនបានដាក់បញ្ចូលពួកគេទៅក្នុងច្បាប់ថ្មីនេះផងដែរ ដោយច្បាប់នេះមានគោលការណ៍ជាការបង់ភាគទានជាកាតព្វកិច្ចដោយតម្រូវឱ្យពួកគេមានការងារធ្វើ ហើយត្រូវបង់ជាភាគទានជាដាច់ខាត ទើបមានសិទ្ធិក្នុងការទទួលបានការធានរ៉ាប់រងផ្នែកសុខភាព និងផ្នែកផ្សេងៗទៀត ខណៈដែលពួកគេជាសិស្សកំពុងកសិក្សាគ្មានប្រាក់ចំណូល។ ការផាត់ចេញពីកិច្ចគាំពារពីសង្គមបែបនេះ បានបង្ហាញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ ឬឈឺឆ្អាលចំពោះសុខុមាលភាពរបស់យុវជននោះទេ ហើយការមិនយកចិត្តទុកដាក់ទាំងនេះ បានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសាររបស់ពួកគេ គឺនៅពេលពួកគេមានជម្ងឺ ហើយត្រូវទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ រាល់ថ្លៃព្យាបាលនឹងធ្លាក់ទៅលើគ្រួសាររបស់ពួកគេទាំងស្រុង ដែលនាំឱ្យគ្រួសារមួយចំនួនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលជាមូលហេតុចម្បងនៃភាពក្រីក្រ។ និកម្មភាពការងារដែលមិនមានការធានាត្រឹមត្រូវពីរាជរដ្ឋាភិបាល អាចធ្វើឲ្យមានឱនភាពសេដ្ឋកិច្ច អសន្តិសុខសង្គម និងចោរកម្ម។ល។ ចំពោះដំណោះស្រាយបញ្ហាខាងលើទាំងអស់នេះ ត្រូវការជាចាំបាច់នូវការចូលរួមគិតគូរ និងទទួលខុសត្រូវពីរដ្ឋាភិបាល ដើម្បីអាចផលិតនូវធនធានមនុស្សមួយដែលមានសុខភាពល្អ ទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី៕

 

 

Leave a Reply